បណ្ឌិត ហែម ប្រសើរ ដឹកនាំថ្នាក់ដឹកនាំនិងសមាជិក សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ចុះសួរសុខទុក្ខ និងនាំអំណោយជូន វីរកងទ័ពជួរមុខការពារព្រំដែន នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី
—- —-
ខេត្តឧត្តរមានជ័យ៖ " យើងទាំងអស់គ្នាសូមគោរព និងសម្ដែងនូវការកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនកងទ័ពនិងវីរយុទ្ធជន ដែលកំពុងឈរជើងនៅសមរភូមិមុខ " បណ្ឌិត ហែម ប្រសើរ បានថ្លែងបែបនេះ នៅក្នុងឱកាសដែល លោកបណ្ឌិត និងថ្នាក់ដឹកនាំសមាជិកសមាជិកានៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយ ព្រមទាំងថវិកាមួយចំនួន ជូនដល់ កងទ័ពនិងវីរៈយុទ្ធជន ការពារព្រំដែន ប្រាសាទតាមាន់ និងប្រាសាទតាក្របី នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ច សាកសួរសុខទុក្ខ និងផ្តល់អំណោយនេះមានការចូលរួម ដឹកនាំដោយ បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាល លោក ម៉ៅ ផល្លា ប្រធានកិត្តិយស លោក ថាំង ប៊ុនសុង ទីប្រឹក្សា ព្រមទាំង ថ្នាក់ដឹកនាំសមាគមអង្គការសង្គមស៊ីវិល ចំនួន២២អង្គភាព និងអង្គភាពសារព័ត៌មានជាច្រើនទៀត សរុបចំនួនមនុស្សចូលរួមប្រមាណជាង ១០០ នាក់ ។
ក្នុងឱកាសនោះ បណ្ឌិត ហែម ប្រសើរ បានថ្លែងថា កាលពីថ្ងៃទី១៥ មិថុនា ១៩៦២ ពោលគឺកាលពី៦៣ឆ្នាំមុន គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជា ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ ដែលថៃ បានឈ្លានពានចូលកាន់កាប់ទាំងបំពានដែនអធិបតេយ្យរបស់កម្ពុជា និងបំពានច្បាប់អន្តរជាតិ ដែលធ្វើឱ្យថៃ អាម៉ាស់ម្ដងរួចមកហើយនៅលើឆាកអន្តរជាតិ។ នេះហើយជាហេតុផលដែលភាគីថៃ មិនចង់ដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយចង់ចរចាទ្វេភាគីជាមួយកម្ពុជា ក្នុងចេតនាទុច្ចរិត ក្រឡេចក្រឡុច។
លោកបណ្ឌិត បញ្ជាក់ទៀតថា ថ្ងៃនេះក៏ជាថ្ងៃដែល រាជរដ្ឋាភិបាលកម្ពុជា បញ្ជូនលិខិតផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចាត់តាំងមន្ត្រីមួយរូបធ្វើដំណើរតាមយន្តហោះដើម្បីនាំយកលិខិតនេះទៅ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រធាន បានលើកទឹកចិត្តដល់ក្រុមគ្រួសារកងកម្លាំងទាំងអស់ សូមមានការជឿកជាក់ និងការគាំទ្រគ្រប់វិធានការទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់គ្រប់យន្តការទាំងអស់ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ដោយការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពផង និងការពារអធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានជាដាច់ខាតផងដែរ។
ក្រោយទទួលអំណោយ ក្នុងនាមកងទ័ពដែលកំពុងឈរជើងសមរភូមិមុខ បានថ្លែងអំណរគុណ បណ្ឌិតប្រធាន និងគណៈប្រតិភូទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែកឧបត្ថម្ភគាំពារដល់កងកម្លាំងប្រចាំការជួរមុខ ការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្ហាញពី ឆន្ទៈ មនសិការស្នេហាជាតិ ចូលរួមការពារជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរ គណៈប្រតិភូ និង សប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបនូវពុទ្ធពរ និងពរទាំងឡាយ ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
បងប្អូនកងទ័ពបានឱ្យដឹងថា ពួកគាត់ចង់បាន សូឡាបញ្ចូលអាគុយ១០០ អំពែ ចំនួន ៥ ឈុតដើម្បីបំពាក់ ជូនដល់បងប្អូនកងទ័ព ងាយស្រួលបញ្ចូលថ្មទូរសព្ទ និងវិទ្យុទាក់ទង និងតម្រូវការប្រើប្រាស់ចាំបាច់ផ្សេងៗទៀត។
ជាការឆ្លើយតប ក្នុងនាមប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានសន្យាថា នឹងខិតខំស្វះស្វែងរកសប្បុរសជនដើម្បីជួយឧបត្ថម្ភ សូឡាប្រើអាគុយនេះឱ្យបានតាមតម្រូវការចាំបាច់ របស់បងប្អូនកងទ័ពនៅសមរភូមិមុខក្នុងពេលឆាប់ៗនេះ។
ទីបញ្ចប់ គណៈប្រតិភូបានថតរូបជាមួយបងប្អូនវីរកងទ័ព៕
No comments:
Post a Comment